គោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងឯកសារបឋមស្តីពីក្របខ័ណ្ឌយុទ្ធសាស្រ្តគោលនយោបាយដីធ្លី នាខែកញ្ញា ឆ្នាំ ២០០២ បានលើកឡើងអំពីសិទ្ធិកាន់កាប់ដីធ្លីបណ្តោះអាសន្ន និងមានរយៈពេលកំណត់ចំពោះអ្នកតាំងទីលំនៅខុសច្បាប់ និងសំណង់អានាធិបតេយ្យដែលបានកើតជាបន្តនៅរាជធានី ទីរួមខេត្ត និងទីប្រជុំជនមួយចំនួន។ តាមការសិក្សាសំណង់បណ្តោះអាសន្នដែលបានសាងសង់ដោយខុសច្បាប់តាមទីក្រុង ទីប្រជុំជន ដែលកើតមានកន្លងមក បណ្តាលមកពីកត្តាជាច្រើនមកជាអាទិ៍ កំណើនប្រជាជន ការធ្វើមាតុភូមិនិវត្តន៍នៃគ្រួសារភៀសខ្លួន និងភៀសសឹកដំណាក់កាលមុនឆ្នាំ១៩៩៨ នៅពេលដែលប្រទេសជាតិពុំទាន់មានសុខសន្តិភាពពេញលេញ ការបាត់បង់ដីធ្លីដោយគ្រោះធម្មជាតិ និងកត្តាផ្សេងៗទៀតជាពិសេសកត្តាចំណាកស្រុកពីជនបទទៅកាន់ទៅកាន់តំបន់ទីក្រុងដើម្បីស្វែងរកការងារធ្វើនៅតំបន់ថ្មី ដែលមានការរីកចម្រើនឆាប់រហ័សនៃវិស័យឧស្សាហកម្ម សេវាកម្ម និងនគរូបនីយកម្ម។