ក្នុងឆ្នាំ២០១៦ នៅទូទាំងពិភពលោក មានគ្រោះមហន្តរាយចំនួន ៥៧៤ករណី បានកើតឡើង និងមានប្រជាជនចំនួន១០៨លាននាក់ បានទទួលរងគ្រោះ។ ករណីគ្រោះមហន្តរាយធម្មជាតិភាគច្រើន(៩២%) កើតឡើងដោយសារតែការកើនឡើងកំដៅផែនដី និងការប្រែប្រួលអាកាសធាតុ។ កាលពីឆ្នាំ២០១១ ក្រុមអ្នកសិក្សាស្រាវជ្រាវរបស់ធនាគារពិភពលោក ( World Bank ) បានបញ្ចេញរបាយការណ៍មួយដោយលើកឡើងថា ប្រទេសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសដែលងាយទទួលរងគ្រោះមហន្តរាយបំផុតនៅអាស៊ីអាគ្នេយ៍ ដែលបណ្តាលមកពីគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ទៅតាមរដូវកាល។ ផ្អែកតាមការវាយតម្លៃរបស់ Think Tank Germanwatch អំពីគ្រោះមហន្តរាយធម្មជាតិដែលបង្កើតជាសន្ទស្សន៍គ្រោះមហន្តរាយធម្មជាតិ (CRI) នៅទូទាំងពិភពលោក។ការធ្វើ CRI នៅទូទាំងពិភពលោកនេះគឺជាការវិភាគដោយផ្អែកលើទិន្នន័យ ដែលអាចទុកចិត្តបានបំផុតអំពីផលប៉ះពាល់នៃគ្រោះមហន្តរាយធ្ងន់ធ្ងរនានា និងទិន្នន័យសេដ្ឋកិច្ច សង្គមពាក់ព័ន្ធ ចាប់ពីឆ្នាំ ១៩៩៦ ដល់ឆ្នាំ ២០១៧ ដែលក្នុងកំឡុងពេលនេះ ការវាយតម្លៃត្រូវបានធ្វើឡើងចំនួន១៣ដង។ ក្នុងកំឡុងពេលនេះប្រទេសកម្ពុជា ត្រូវបានចាត់ថ្នាក់ជាប្រទេសទី ១៣ ដែលងាយទទួលរងគ្រោះមហន្តរាយធម្មជាតិខ្លាំងបំផុត។